Clobazam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើក្នុងការព្យាបាលអាការៈប្រកាច់ដូចខាងក្រោម ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ដោយត្រូវប្រើឱសថនេះរួមជាមួយឱសថព្យាបាលប្រភេទផ្សេងទៀត៖

      ・អាការៈប្រកាច់ដោយផ្នែក:Simple partial seizure, Complex partial seizure, Secondarily generalized tonic‐clonic seizure។

      ・អាការៈប្រកាច់ពេញរាងកាយ: Tonic‐clonic seizure, Tonic seizure, Atypical absence seizure, Myoclonic seizure, Cataplexy។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ10mg រួចបង្កើនកម្រិតបន្តិចម្ដងៗទៅតាមរោគសញ្ញា។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 10~30mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ40mg។

      - កុមារ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ0.2mg/kg រួចបង្កើនកម្រិតបន្តិចម្ដងៗទៅតាមរោគសញ្ញា។ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 0.2~0.8mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1mg/kg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ ទឹកមាត់ច្រើន ភ្នែកស្រវាំង បាត់បង់ចំណង់អាហារ ឡើងកន្ទួលក្រហម រមាស់ស្បែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ ញ័រដៃជើង រវើរវាយ សាច់ដុំកន្ត្រាក់ (អាការៈញៀន)

      - ពិបាកដកដង្ហើម ដកដង្ហើមរាក់ៗ ដកដង្ហើមលឿនពេលកំពុងគេងលក់ (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)

      - ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors, គ្រឿងស្រវឹង) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថPhenytoin, ឱសថPhenobarbital, ឱសថCarbamazepine, ឱសថSodium valproate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង និង កំហាប់ក្នុងឈាមនៃឱសថClobazamថយចុះ។

      ・ឱសថStiripentol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។

      ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថRitonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4ជាចម្បង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងសងខាងកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2C19 (ឱសថOmeprazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថClobazamកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP2D6ជាចម្បង (Dextromethorphan ជាដើម)- អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថDextromethorphanកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp