Dapagliflozin propylene glycolate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង10mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន នោមញឹក ស្ងួតក ជំងឺឆ្លងនៅផ្លូវតម្រងនោម ជំងឺឆ្លងនៅប្រដាប់ភេទ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង វិលមុខ អារម្មណ៍ឃ្លានខ្លាំង បែកញើស ញ័រដៃជើង បេះដូងលោតញាប់ (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - រងាញាក់ ក្ដៅខ្លួន ឈឺផ្នែកខាងនៃពោះ ឈឺផ្នែកខ្នង ឈឺសន្លាក់និងសាច់ដុំ (ជំងឺរលាកតម្រងនោមប្រភេទPyelonephritis អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis))

      - បរិមាណទឹកនោមប្រែប្រួល ស្ងួតក រួយខ្លួន អស់កម្លាំង វិលមុខ ស្បែកស្ងួត (ខ្សោះជាតិទឹក)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ឈឺពោះ ស្ងួតកខ្លាំង អស់កម្លាំង ដកង្ហើមធំៗវែងៗ ស្មារតីដឹងខ្លួនថយចុះ (រោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម)។ល។ - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថAdrenalin, ឱសថស្តេរ៉ូអ៊ីត(Prednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

      ・ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemideជាដើម) - អាចធ្វើអោយសកម្មភាពបញ្ចុះទឹកនោមកើនឡើង ដូច្នេះ គួរបន្ថយបរិមាណឱសថបញ្ចុះទឹកនោមប្រសិនបើចាំបាច់។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើថ្នាំចាក់អាំងស៊ុយលីនជាជាងប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជានោមញឹកឬបរិមាណទឹកនោមកើនឡើង ជាដើម ធ្វើអោយខ្សោះជាតិទឹកក្នុងរាងកាយ(ស្ងួតក អស់កម្លាំង វិលមុខ ស្បែកស្ងួត) ដូច្នេះ គួរបរិភោគទឹកអោយបានគ្រប់គ្រាន់ទោះជាមិនមានអារម្មណ៍ស្រេកក៏ដោយ ដើម្បីបំពេញជាតិទឹកក្នុងរាងកាយដែលបានបាត់បង់ទៅតាមទឹកនោម។ ម្យ៉ាងទៀត អ្នកជំងឺអាចនឹងងាយកើតមានជំងឺឆ្លងនៅតាមផ្លូវតម្រងនោមឬប្រដាប់ភេទ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺទាំងនេះនិងធ្វើការព្យាបាលអោយបានសមស្រប។

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (2) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ

      (3) អ្នកដែលធ្វើលំហាត់ប្រាណសាច់ដុំខ្លាំងក្លា

      (4) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      (5) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់គ្រឿងចម្លងSGLT2(SGLT2 Transporter)ដែលមាននៅក្នុងតម្រងនោមដើម្បីទប់ស្កាត់ដំណើរការនៃការស្រូបសារធាតុគ្លុយកូស(ជាតិស្ករ)ពីតម្រងនោមមកក្នុងឈាមវិញ ធ្វើអោយគ្លុយកូសត្រូវបានបញ្ចេញចោលតាមទឹកនោម ជាលទ្ធផល កម្រិតជាតិស្ករក្នុងឈាមក៏មានការថយចុះទៅតាមនោះដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp