Diazepam

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត ដែលកើតមាននៅក្នុងជំងឺណឺរ៉ូស៊ីស(Neurosis)

      - អារម្មណ៍មិនស្ងប់ឬភ័យ ដែលកើតមាននៅក្នុងជំងឺបាក់ទឹកចិត្ត(Depression)

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត គេងមិនលក់ ព្រមទាំងអាការៈផ្សេងទៀតនៃរាងកាយ រួមមាន ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ជំងឺទាក់ទងនឹងប្រព័ន្ធរបត់ឈាម ជំងឺអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia) ជំងឺផ្លាស់ប្ដូរវ័យ រោគឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ដែលកើតមាននៅក្នុងជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease)

      - អាការៈកន្ត្រាក់ឬឈឺចាប់នៃសាច់ដុំ ដែលកើតមាននៅក្នុងជំងឺទាក់ទងនឹងខួរក្បាលនិងឆ្អឹងខ្នង(Cerebrospinal diseases)។

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត ដែលកើតមាននៅក្នុងជំងឺណឺរ៉ូស៊ីស(Neurosis)

      - អារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត ដែលកើតមាននៅក្នុងជំងឺឬស្ថានភាពដូចខាងក្រោម:

      (1) មុនពេលសណ្ដំ ពេលចាប់ផ្ដើមសណ្ដំ កំពុងសណ្ដំ ក្រោយពេលវះកាត់

      (2) រោគសញ្ញាញៀនស្រា (ជាតិអាល់កុល)

      (3) នៅពេលសម្រាលកូន

      - អាការៈកន្ត្រាក់នៃសាច់ដុំនៅក្នុងរោគសញ្ញាប្រកាច់លក្ខណៈអូសបន្លាយ (Epileptiform status epilepticus)។

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈកន្ត្រាក់សាច់ដុំនៅក្នុងជំងឺប្រកាច់ ឬ អាការៈកន្ត្រាក់សាច់ដុំដោយសារការឡើងកម្ដៅក្នុងខ្លួន (Febrile convulsions) ចំពោះកុមារ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      ・ជំងឺណឺរ៉ូស៊ីស(Neurosis) ជំងឺបាក់ទឹកចិត្ត(Depression) និង ជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease):

      - មនុស្សពេញវ័យ:លេប1ដង2~5mg 1ថ្ងៃ2~4ដង ប៉ុន្តែ គួរប្រើក្នុងកម្រិត1ថ្ងៃ 15mg ចុះ។

      - កុមារអាយុ3ឆ្នាំចុះ:លេប1ថ្ងៃ 1~5mg បែងចែកជា 1~3ដងក្នុង1ថ្ងៃ។

      -កុមារអាយុ4~12ឆ្នាំ:លេប1ថ្ងៃ 2~10mg បែងចែកជា 1~3ដងក្នុង1ថ្ងៃ។

      ・អាការៈឈឺចាប់និងកន្ត្រាក់នៃសាច់ដុំ:

      មនុស្សពេញវ័យ:លេប1ដង2~10mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:

      មនុស្សពេញវ័យ:លេប1ដង5~10mg នៅមុនពេលចូលគេងឬមុនការវះកាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:លើកដំបូង ប្រើក្នុងកម្រិត10mg ចាក់តាមសរសៃវ៉ែនឬចាក់ក្នុងសាច់ដុំដោយយឺតៗបំផុត។ បន្ទាប់ពីនោះ អាចចាក់រៀងរាល់3~4ម៉ោងម្ដងទៅតាមការចាំបាច់។ ករណីចាក់តាមសរសៃវ៉ែន គួរជ្រើសរើសសរសៃវ៉ែនដែលធំ និងចាក់បញ្ចូលយឺតៗដោយប្រើរយៈពេលយ៉ាងហោចណាស់2នាទី។ អាចប្រែប្រួលកម្រិតប្រើប្រាស់ទៅតាមប្រភេទជំងឺ ស្ថានភាពរោគសញ្ញា អាយុនិងទម្ងន់របស់អ្នកជំងឺ។

      ករណីថ្នាំសុលតាមទ្វារធំ:

      កុមារ:ប្រើ1ដង 0.4~0.5mg/kg 1ថ្ងៃ1~2ដង សុលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ (Rectum)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពីកម្រិត 1mg/kg ក្នុង1ថ្ងៃនោះទេ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir (ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors)។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir (ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors)។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma) ឬ មានអាការៈពុលជាតិអាល់កុលស្រួចស្រាវដោយកំពុងមានសញ្ញាជីវិតមិនល្អ។

      ករណីថ្នាំសុលតាមទ្វារធំ:

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRitonavir (ឱសថប្រឆាំងវីរុសហ៊ីវប្រភេទProtease inhibitors)។

      ・ទារកទើបកើត ឬ ទារកកើតមិនគ្រប់ទម្ងន់។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង វិលមុខ ដើរដោយគ្មានលំនឹង ឈឺក្បាល នោមដោយមិនអាចគ្រប់គ្រងបាន ពិបាកនិយាយ ញ័រ ជីពចរដើរលឿន សម្ពាធឈាមចុះទាប ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ទល់លាមក ស្ងួតក ឡើងកន្ទួលក្រហម អស់កម្លាំង ហើម ខាន់លឿង ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្រោយពេលឈប់ប្រើប្រាស់ឱសថ មានអាការៈសាច់ដុំកន្ត្រាក់ ញ័រ គេងមិនលក់ អារម្មណ៍មិនស្ងប់ រវើរវាយ (អាការៈញៀន)

      - ស្មារតីខុសប្រក្រតី មិនអាចគិតពិចារណាដូចធម្មតាបាន ពិបាកផ្ដុំអារម្មណ៍ មិនដឹងពេលវេលាឬទីកន្លែង (ស្មារតីកើនឡើងខ្ពស់ខុសប្រក្រតី វង្វេងវង្វាន់)

      - ពិបាកដកដង្ហើម (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម ស្ទះផ្លូវដង្ហើមផ្នែកខាងលើ)។

    • អន្តរប្រតិកម្ម

      ・ឱសថRitonavir - អាចធ្វើអោយសកម្មភាពរំងាប់អារម្មណ៍កើនឡើងជ្រុល និង ប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors), ឱសថCimetidine, ឱសថOmeprazole, ឱសថCiprofloxacin, ឱសថFluvoxamine maleate, ឱសថMaprotiline hydrochloride, គ្រឿងស្រវឹង - អាចធ្វើអោយឥទ្ធិពលនៃផលរំខាន ដូចជា ងងុយគេង វិលមុខ ពិបាកផ្ដុំអារម្មណ៍ ជាដើម កើនឡើង។

      ・ឱសថDantrolene sodium hydrate - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលវែង។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp