Mometasone furoate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល ៖

      - ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក

      - ជំងឺស្បែកPsoriasis

      - ជំងឺពងខ្ទុះលើបាតដៃនិងបាតជើង(Palmoplantar pustulosis)

      - អាការៈក្រហមនិរបកស្បែកពេញរាងកាយ (Erythroderma or Exfoliative dermatitis) ដោយសារជំងឺស្បែកផ្សេងៗ

      - អាការៈឡើងកន្ទួលក្រហមលើស្បែកដោយសារប្រតិកម្មទៅនឹងសារធាតុថ្នាំឬសារធាតុគីមីផ្សេងៗ

      - សត្វល្អិតខាំ

      - ជំងឺរមាស់ស្បែក

      - ជំងឹអេរីតេម៉ាតូសលើស្បែក(Discoid lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ

      - ជំងឺស្បែកLichen planus

      - ផ្លែលើស្បែក ឬ ស្នាមលើស្បែកដែលដុះក្រាស់

      - ជំងឺជ្រុះសក់ជារង្វង់(Alopecia areata)។ល។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលាបលើស្បែក (0.1%):

      ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      មនុស្សពេញវ័យ:ប្រើ1ដង100μg 1ថ្ងៃ2ដង ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 800μg។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង 200μg បាញ់ក្នុងរន្ធច្រមុះនីមួយៗ។

      - កុមារអាយុក្រោម12ឆ្នាំ:ប្រើ1ថ្ងៃ1ដង 100μg បាញ់ក្នុងរន្ធច្រមុះនីមួយៗ។

      - កុមារអាយុ12ឆ្នាំឡើងទៅ:ប្រើ1ថ្ងៃ1ដង 200μg បាញ់ក្នុងរន្ធច្រមុះនីមួយៗ។

    • ហាមប្រើ

      ករណីថ្នាំលាបលើស្បែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ជំងឺឆ្លងបាក់តេរី មេរោគផ្សិត វីរុស ពពួកSpirochaete ប៉ារ៉ាស៊ីត ឬ សត្វល្អិត នៅលើស្បែក។

      ・ជំងឺរលាករូងត្រចៀកខាងក្រៅដែលមានកន្ទួលក្រហម និង មានធ្លុះក្រដាសត្រចៀក។

      ・ដំបៅលើស្បែក(លើកលែងជំងឺBehcet's disease)។

      ・រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។

      ករណីថ្នាំបាញ់ច្រមុះ(Mometasone furoate hydrate):

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតពេញរាងកាយ។

    • ផលរំខាន

      ករណីថ្នាំលាបលើស្បែក:

      ផលរំខានរួមមាន ក្រហាយ រលាករន្ធរោម ស្នាមក្រហមលើស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺក្បាល ស្រវាំងភ្នែក ឈឺភ្នែក ចាំងភ្នែក (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract)។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ផលរំខានរួមមាន រោគសញ្ញានៅក្នុងមាត់និងបំពង់ក (ឈ្លក់ ឈឺ ផ្សា មិនស្រួលក្នុងមាត់ឬបំពង់ក) សម្លេងស្អក ឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis) ស្ងួតក្នុងមាត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema)(ហើមជុំវិញភ្នែកឬមាត់) កន្ទាលត្រអាក (រោគសញ្ញាស្រដៀងទៅនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ផលរំខានរួមមាន ឈាមច្រមុះ អាការៈច្រមុះ(ក្រហាយ ឈឺ ស្ងួត រមាស់) អាការៈបំពង់ក(ក្រហាយ ឈឺ ទើស ស្ងួត) ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម កន្ទាលត្រអាក ស្នាមក្រហមនិងរមាស់លើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole, Ritonavir ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលាបលើស្បែក:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំបាញ់ក្នុងច្រមុះ:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលាបលើស្បែក:

      ・គួរចៀសវាងលាបថ្នាំនេះនៅក្រោមម្សៅផាត់មុខ ឬ ក្រោយពេលកោរពុកមាត់ ជាដើម។

      ករណីថ្នាំបាញ់ស្រូបតាមមាត់:

      ・ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺតបន្តិចម្ដងៗក្នុងរយៈពេលវែង ដោយវានឹងបំបាត់អាការៈរលាកនៅផ្លូវដង្ហើម ប៉ុន្តែ វានឹងមិនបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ដូច្នេះ ការប្រើឱសថនេះនៅពេលរោគសញ្ញាហឺតរើឡើងនឹងមិនបង្ហាញប្រសិទ្ធិភាពកាត់បន្ថយអាការៈទាំងនោះទេ។

    • សកម្មភាពឱសថ

      ករណីថ្នាំលាបលើស្បែក:

      ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវាមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។

      ករណីថ្នាំស្រូបតាមមាត់:

      ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុផ្សេងៗដែលចូលរួមនៅក្នុងការបង្កអាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម និង រោគសញ្ញាប្រតិកម្មផ្សេងៗ។

      ករណីថ្នាំបាញ់ក្នុងច្រមុះ (Mometasone furoate hydrate):

      ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវាមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាកនិងអាការៈប្រតិកម្មផ្សេងៗ ដូចជា ក្រហម ហើម រមាស់ ជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp