Risedronate sodium hydrate = Risedronic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹង(Osteoporosis) និង ជំងឺផាជិតឆ្អឹង(Paget's disease of bone)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ប្រភេទប្រើរៀងរាល់ថ្ងៃ:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 2.5mg នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។

      ・ប្រភេទប្រើ1សប្ដាហ៍ម្ដង:

      មនុស្សពេញវ័យ:លេប1ដង17.5mg, 1ដងក្នុង1សប្ដាហ៍ នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។

      ・ប្រភេទប្រើ1ខែម្ដង:

      មនុស្សពេញវ័យ:លេប1ដង75mg, 1ដងក្នុង1ខែ នៅពេលក្រោកពីគេងភ្លាមនៅពេលព្រឹក ជាមួយទឹក180mL។ ក្រោយពិសារឱសថនេះរយៈពេលយ៉ាងហោចណាស់30នាទី មិនត្រូវទម្រេតខ្លួន និង មិនត្រូវបរិភោគអាហារ(លើកលែងទឹក)ឬប្រើរួមជាមួយឱសថផ្សេងទៀតនោះទេ ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថBisphosphonateផ្សេងទៀត។

      ・អ្នកដែលមានបញ្ហានៅបំពង់អាហារធ្វើអោយការឆ្លងកាត់បំពង់អាហារមានសភាពយឺត(ជំងឺបំពង់អាហាររួមតូច ជំងឺខ្សោយបំពង់អាហារ(Achalasia) ជាដើម)។

      ・អ្នកដែលមិនអាចរក្សាឥរិយាបថអង្គុយឬឈរយ៉ាងហោចណាស់30នាទីបានក្រោយប្រើប្រាស់ឱសថ។

      ・អ្នកដែលមានកម្រិតកាល់ស្យូមនៅក្នុងឈាមទាប។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន មិនស្រួលក្នុងក្រពះ ចង់ក្អួត ឈឺផ្នែកខាងលើនៃពោះ ទល់លាមក ការរំលាយអាហារមិនសូវបានល្អ រលាកក្រពះ ដំបៅក្នុងមាត់ ស្ងួតក ក្អួតចង្អោរ រាករូស លាមកទន់ ភើ ឡើងកន្ទួលក្រហម រមាស់ វិលមុខ ឈឺសន្លាក់ ឈឺខ្នង ឈឺឆ្អឹង ឈឺសាច់ដុំ ឈឺភ្នែក រលាកភ្នែក ស្រវាំងភ្នែក ស្ពឹក ឈឺក្បាល ហ៊ឹងត្រចៀក ងងុយគេង ហើម អស់កម្លាំង រលាកអណ្ដាត ជីវ្ហាវិញាណខុសប្រក្រតី រលាកគល់ពោះវៀនតូច រលាកស្បែក បេះដូងលោតញាប់ ជ្រុះរោមឬសក់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្រហាយទ្រូង ឈឺទ្រូង ឈឺនៅពេលលេប ក្អួតឈាម (រលាកឬដំបៅបំពង់អាហារ បំពង់អាហាររួមតូចឬធ្លាយ)

      - ក្អួតឈាម លាមកមានលាយឈាម លាមកពណ៌ខ្មៅ ឈឺចុងដង្ហើម ឈឺនៅពេលសង្កត់ (ដំបៅក្រពះឬពោះវៀន)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)

      - ឈឺឬហើមចង្កា ស្ពឹកនៅចង្កា ធ្មេញរង្គើ ហើមអញ្ចាញធ្មេញ (ជំងឺខូចឆ្អឹងចង្កា រលាកឆ្អឹងចង្កា)

      - ឈឺនៅភ្លៅឬគល់ភ្លៅ (បាក់ឬប្រេះឆ្អឹងភ្លៅ)។

      - រលាកនៅត្រចៀកផ្នែកខាងក្រៅ មានទឹករងៃហូរចេញពីត្រចៀក ឈឺត្រចៀក (ជំងឺខូចឆ្អឹងរន្ធត្រចៀក)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថឬអាហារដែលមានផ្ទុកជាតិកាល់ស្យូម(Ca) ម៉ាញ៉េស្យូម(Mg) អាលុយមីញ៉ូម(Al) ជាតិដែក(Fe) ជាដើម - អាចធ្វើអោយការស្រូបសារធាតុAlendronate sodium hydrateថយចុះ។ ដូច្នេះ គួរប្រើប្រាស់ឱសថឬអាហារទាំងនោះយ៉ាងហោចណាស់រយៈពេល30នាទីក្រោយប្រើប្រាស់ឱសថRisendronate។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាទូទៅ អ្នកជំងឺត្រូវប្រើឱសថនេះនៅក្រោយពេលក្រោកពីគេងភ្លាមជាមួយទឹក1កែវពេញ(180mL) ហើយមិនត្រូវស្ថិតក្នុងឥរិយាបថទម្រេតខ្លួននោះទេយ៉ាងហោចណាស់រយៈពេល30នាទី ព្រោះប្រសិនបើឱសថនេះនៅជាប់នឹងបំពង់អាហារ វាអាចបង្កជាផលប៉ះពាល់ផ្សេងៗដល់បំពង់អាហារ។

      ・គួរលេបឱសថនេះជាមួយទឹកតែប៉ុណ្ណោះ ព្រោះភេសជ្ជៈដែលមានផ្ទុកជាតិរ៉ែ(Ca, Mg ជាដើម) អាហារនិងឱសថផ្សេងទៀត អាចធ្វើអោយការស្រូបសារធាតុនៃឱសថនេះថយចុះនៅពេលប្រើប្រាស់ក្នុងពេលតែមួយ។

      ・មុនចាប់ផ្ដើមប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរទទួលការពិនិត្យមាត់ធ្មេញ ហើយប្រសិនបើមានបញ្ហាមាត់ធ្មេញដែលត្រូវការដកធ្មេញឬវះកាត់ អ្នកជំងឺគួរធ្វើការព្យាបាលមាត់ធ្មេញចប់រួចរាល់ជាមុនសិន ព្រោះការដកធ្មេញជាដើមអាចធ្វើអោយផលរំខាននៃឱសថនេះរប៉ះពាល់ដល់ចង្កាងាយនឹងកើតឡើង។ ម្យ៉ាងទៀត អ្នកជំងឺគួររក្សាអនាម័យមាត់ធ្មេញជានិច្ច ព្រមទាំងទទួលការពិនិត្យសុខភាពមាត់ធ្មេញអោយបានទៀងទាត់។

      ・អ្នកជំងឺពុកឆ្អឹងគួរបរិភោគអាហារដែលមានជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់។

    • សកម្មភាពឱសថ

      នៅក្នុងឆ្អឹងមានកោសិកា2ប្រភេទ គឺកោសិកាបំបែកឆ្អឹង និង កោសិកាផលិតឆ្អឹង។ ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃវដ្ដអាស៊ីតមេវ៉ាឡូនិច(Mevalonate pathway)និងប្រតិកម្មផ្សេងៗទៀតនៅក្នុងកោសិកាបំបែកឆ្អឹង ធ្វើអោយកោសិកានេះមិនអាចធ្វើសកម្មភាពរំលាយឆ្អឹងបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp