សិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 លើកទី1 សម្រាប់ឆ្នាំ2018

 • 03 កុម្ភៈ 2018

ក្រុមហ៊ុនអ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) បានរៀបចំសិក្ខាសាលាសម្រាប់និស្សិតឱសថសាស្ត្រឆ្នាំទី5 លើកទី1 ដែលប្រព្រឹត្តទៅនៅក្នុងសាកលវិទ្យាល័យអន្តរជាតិ នាថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2018។ សិក្ខាសាលានេះបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់និស្សិតឱសថសាស្ត្រផង និង ដើម្បីជ្រើសរើសនិស្សិតចំនួន២រូបដើម្បីទៅធ្វើទស្សនកិច្ចរយៈពេល1សប្តាហ៍ដើម្បីសិក្សាអំពីវិស័យសុខាភិបាលនៅប្រទេសជប៉ុននិងដកស្រង់នូវចំណុចល្អៗដែលអាចយកមកអនុវត្តនៅកម្ពុជាបាន។

សិក្ខាសាលានេះស្វាគមន៍ចំពោះនិស្សិតឱសថសាស្ត្រឆ្នាំទី5មកពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះនឹងធ្វើឡើងចំនួន5ដងជាប់ៗគ្នាជារៀងរាល់ខែ ដោយមានប្រធានបទខុសប្លែកពីគ្នាដើម្បីពង្រីកចំណេះដឹងរបស់និស្សិតឱសថសាស្ត្រ។ ប្រធានបទទីមួយ ដែលយើងបានលើកមកបង្ហាញនៅក្នុងសិក្ខាសាលាលើកទីមួយនេះ គឺទាក់ទងនឹងប្រព័ន្ធស្រាវជ្រាវនិងទទួលឱសថថ្មីនៅប្រទេសជប៉ុន។ វាគ្មិនរបស់យើងគឺលោកយ៉ូស៊ីដា កូថារ៉ូ ដែលលោកជាឱសថការីមានបទពិសោធន៍ក្នុងវិស័យឱសថសាស្ត្រជាច្រើនឆ្នាំមុននឹងលោកធ្វើដំណើរមកប្រទេសកម្ពុជា។ លោកបានលើកឡើងអំពីដំណើរនៃការស្រាវជ្រាវរកឱសថថ្មីចាប់ពីក្នុងមន្ទីរពិសោធន៍រហូតដល់ក្នុងមន្ទីរពេទ្យ។ លោកយ៉ូស៊ីដាក៏បានលើកឡើងអំពីភាពខុសគ្នានៃការទទួលស្គាល់ឱសថថ្មីស្រឡាងនិងការទទួលស្គាល់ឱសថgeneric ដោយឱសថដើមមានរយៈពេលដែលរដ្ឋាភិបាលនឹងផ្តល់ឯកសិទ្ធិ មិនអនុញ្ញាតអោយក្រុមហ៊ុនផ្សេងផលិតឱសថដូចគ្នានេះរយៈពេល20ឆ្នាំរាប់ចាប់ពីឆ្នាំចាប់ផ្តើមស្រាវជ្រាវដំបូង។ មុននឹងទទួលការអនុញ្ញាតដាក់លក់ សារធាតុគីមីដែលអាចនឹងក្លាយជាឱសថថ្មី ត្រូវឆ្លងកាត់ការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍និងការពិសោធន៍នៅលើសត្វ។ បន្ទាប់ពីការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ចប់សព្វគ្រប់ហើយ ឱសថនោះនឹងត្រូវបានបញ្ជូនទៅតាមមន្ទីរពេទ្យដើម្បីសាកល្បងប្រើប្រាស់នៅក្នុងរាងកាយមនុស្ស ដែលរួមមានដំណាក់កាលចំនួន3 គឺដំណាក់កាលដំបូង គេសិក្សាចំពោះប្រតិកម្មនៅក្នុងខ្លួនមនុស្សមានសុខភាពធម្មតា ដំណាក់កាលទីពីរគឺសិក្សានៅលើអ្នកជម្ងឺចំនួនតិច ហើយដំណាក់កាលទីបី គេនឹងសិក្សានៅលើអ្នកជម្ងឺចំនួនច្រើន។ ការស្រាវជ្រាវនៅតែបន្តទោះក្រោយឱសថត្រូវបានដាក់លក់ក៏ដោយ ដោយនេះជាដំណាក់កាលទីបួន។

ជាចុងក្រោយ លោកយ៉ូស៊ីដាបានលើកឡើងថា ផលវិបាកនៃប្រព័ន្ធទទួលស្គាល់លើឱសថថ្មីនៅប្រទេសជប៉ុនដែលមានភាពតឹងរឹង គឺដោយសារតែមាននីតិវិធីច្រើន ធ្វើអោយរយៈពេលដែលអ្នកជម្ងឺអាចប្រើប្រាស់ឱសថដែលមានប្រសិទ្ធិភាពថ្មីត្រូវប្រើរយៈពេលយូរ ដូច្នេះ នៅប្រទេសជប៉ុន រាជរដ្ឋាភិបាលកំពុងគិតគូរកាត់បន្ថយនីតិវិធីមួយចំនួនដើម្បីអាចប្រើប្រាស់ឱសថថ្មីក្នុងការព្យាបាលជម្ងឺបានទាន់ពេលវេលា។

 • ប្រធានបទ

  1. ប្រព័ន្ធស្រាវជ្រាវ និងទទួលឱសថថ្មីនៅប្រទេសជប៉ុន
  2. ជ្រើសរើសនិស្សិតចំនួន២រូបដើម្បីទៅធ្វើទស្សនកិច្ចរយៈពេល1សប្តាហ៍ដើម្បីសិក្សាអំពីវិស័យសុខាភិបាលនៅប្រទេសជប៉ុន
 • វាគ្មិនកិត្តិយស

  លោកយ៉ូស៊ីដា កូថារ៉ូ ដែលលោកជាឱសថការីមានបទពិសោធន៍ក្នុងវិស័យឱសថសាស្ត្រជាច្រើនឆ្នាំ
 • អ្នកចូលរួម

  និស្សិតឱសថសាស្ត្រឆ្នាំទី5 មកពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា
 • ទីកន្លែង

  សាកលវិទ្យាល័យអន្តរជាតិ
 • ផែនទី