Osteoarthrosis (ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់)

    • លក្ខណៈទូទៅ
    • មូលហេតុ
    • បំណែងចែកប្រភេទ
    • រោគសញ្ញា
    • រោគវិនិច្ឆ័យ
    • ការព្យាបាល
  • លក្ខណៈទូទៅ

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់(Osteoarthrosis) ជាជំងឺរ៉ាំរ៉ៃដែលកើតឡើងដោយសារការខូចខាតនៃជាលិកាឆ្អឹងខ្ចីនិងជាលិកាដែលនៅជុំវិញនោះ ហើយបង្កជាអាការៈឈឺចាប់ ស្ពឹកនៅសន្លាក់ និង ប៉ះពាល់ដល់មុខងារសន្លាក់។

    ・ការរលាកសន្លាក់ដោយសារការខូចខាតនៅឆ្អឹងខ្ចីនៃសន្លាក់និងជាលិកាដែលនៅជុំវិញនោះ កើតឡើងញឹកញាប់ចំពោះមនុស្សដែលមានវ័យចំណាស់។

    ・រោគសញ្ញាទូទៅនៃសន្លាក់នេះ គឺអាការៈឈឺចាប់ ហើម ឆ្អឹងកើនឡើងហួសហេតុនៅផ្នែកមួយចំនួន អាការៈស្ពឹកនៅសន្លាក់ពេលក្រោកពីគេងឬក្រោយពេលមិនកម្រើកមួយរយៈប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេល30នាទីជាពិសេសនៅក្រោយពេលអ្នកជំងឺខំប្រឹងកម្រើកសន្លាក់ឡើងវិញ។

    ・រោគវិនិច្ឆ័យធ្វើឡើងដោយផ្អែកទៅលើរោគសញ្ញានិងការថតរូបភាពដោយកាំរស្មីអ៊ិច។

    ・ការព្យាបាលរួមមានការធ្វើលំហាត់ប្រាណនិងការព្យាបាលដោយចលនាប្រភេទផ្សេងៗ ការប្រើឱសថដើម្បីកាត់បន្ថយអាការៈឈឺចាប់និងព្យាបាលមុខងាររបស់សន្លាក់ជាដើម។ ករណីទម្រង់សន្លាក់មានការប្រែប្រួលខ្លាំង គេអាចអនុវត្តការវះកាត់ប្ដូរទៅជាសន្លាក់សិប្បនិម្មិតឬការវះកាត់ផ្សេងៗទៀត។

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ជាជំងឺដែលកើតមានញឹកញាប់ជាងគេក្នុងចំណោមជំងឺសន្លាក់ទាំងអស់ ដោយវាច្រើនចាប់ផ្ដើមកើតមាននៅពេលមនុស្សមានវ័យ40ទៅ50ឆ្នាំ ហើយចាប់ពីវ័យនោះរហូតដល់អាយុ80ឆ្នាំ មនុស្សស្ទើរតែទាំងអស់មានជំងឺនេះក្នុងកម្រិតណាមួយ។ ចំពោះមនុស្សដែលមានអាយុតិចជា40ឆ្នាំ ភាគច្រើនជំងឺនេះកើតលើបុរស ដោយមូលហេតុច្រើនបណ្ដាលមកពីការរងរបួស។ មនុស្សវ័យក្រោម40ឆ្នាំភាគច្រើនរកឃើញជំងឺនេះតាមរយៈការថតកាំរស្មីអ៊ិច ប៉ុន្តែ ពាក់កណ្ដាលនៃមនុស្សទាំងនោះប៉ុណ្ណោះដែលបង្ហាញជារោគសញ្ញាគួរអោយកត់សម្គាល់។ ចន្លោះអាយុ40ឆ្នាំទៅ70ឆ្នាំ ជំងឺនេះច្រើនកើតចំពោះស្ត្រី។ ចាប់ពីអាយុ70ឆ្នាំឡើងទៅចំនួនអ្នកកើតជំងឺនេះរវាងបុរសនិងស្ត្រីមិនមានភាពខុសគ្នានោះទេ។

    អានបន្ថែម
  • មូលហេតុ

    ចំពោះសន្លាក់ធម្មតា ទោះជាប្រើក្នុងលក្ខណៈធម្មតា ឬប្រើរយៈពេលយូរឆ្នាំ ឬ ប្រើហួសហេតុ ឬទទួលរងរបួស ក៏ការកកិតត្រូវបានរក្សាក្នុងកម្រិតអប្បបរមាដោយមិនធ្វើអោយឆ្អឹងសឹករិចរឹលនោះទេ។ ភាគច្រើននៃជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់គឺកើតឡើងដោយសារការខូចខាតនៃជាលិកា។ សារធាតុផ្សេងៗនឹងប្រមូលផ្ដុំច្រើននៅក្នុងសន្លាក់ដើម្បីជួយជួសជុលសន្លាក់ដែលរងការខូចខាត មានដូចជា សារធាតុកូឡាជេន(Collagen)ឬសារធាតុប្រូតេអូគ្លីកាន(Proteoglycan)ដែលជួយបង្កើនការសំយោគសារធាតុឆ្អឹងខ្ចី។ បន្ទាប់ពីនោះ ជាតិទឹកនឹងប្រមូលផ្ដុំនៅក្នុងសន្លាក់ ហើយឆ្អឹងខ្ចីនឹងហើម រួចប្រែទៅជាមានសភាពទន់ និងមានស្នាមប្រេះនៅផ្ទៃខាងលើ។ នៅក្នុងឆ្អឹងដែលស្ថិតនៅក្រោយឆ្អឹងខ្ចីនឹងចាប់ផ្ដើមកើតមានប្រហោងខ្យល់តូចៗ ធ្វើអោយឆ្អឹងក្លាយជាមានលក្ខណៈផុយស្រួយ។

    ដើម្បីជួសជុលជាលិកាដែលទទួលរងការខូចខាត ជាលិកាឆ្អឹងខ្ចី ឆ្អឹងនិងជាលិកាផ្សេងៗទៀតចាប់ផ្ដើមកើតឡើងថ្មីៗ ដោយឆ្អឹងថ្មីអាចកើនឡើងហួសហេតុនៅផ្នែកជាយនៃសន្លាក់ ដែលគេអាចមើលឃើញឬស្ទាបដឹងនៅពេលមានផ្នែកពកឡើងនៃឆ្អឹង(Osteophytes)។ នៅចុងក្រោយ ឆ្អឹងខ្ចីដែលធ្លាប់តែរលោងនឹងក្លាយជាគ្រើមឬផតចុះ ធ្វើអោយសន្លាក់មិនអាចធ្វើចលនាបានរអិលស្រួលនិងមិនអាចស្រូបកម្លាំងកកិតបាន។ រចនាសម្ព័ន្ធទាំងអស់នៃសន្លាក់ រួមមាន ឆ្អឹង ជាលិកាព័ទ្ធជុំវិញសន្លាក់(Joint capsule) ជាលិកាភ្នាសផ្នែកខាងក្នុងនៅចន្លោះសន្លាក់(Synovial membrane) សរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tendon) សរសៃភ្ជាប់ឆ្អឹងនិងឆ្អឹង(Ligament) និង ឆ្អឹងខ្ចី នឹងទទួលរងការខូចខាត ធ្វើអោយមុខងារសន្លាក់មានលក្ខណៈប្រែប្រួល។

    អានបន្ថែម
  • បំណែងចែកប្រភេទ

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ត្រូវបានបែងចែកជាពីរប្រភេទដូចខាងក្រោម៖

    ・ ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ប្រភេទកើតឡើងដោយឯកឯង (Primary osteoarthritis)

    ・ ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ប្រភេទកើតឡើងដោយសារជំងឺផ្សេងទៀត (Secondary osteoarthritis)

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ប្រភេទកើតឡើងដោយឯកឯង (Primary osteoarthritis) គឺមិនមានមូលហេតុបង្កច្បាស់លាស់នោះទេ ហើយភាគច្រើននៃអ្នកជំងឺនេះស្ថិតក្នុងប្រភេទនេះ។ ជំងឺនេះអាចកើតមានចំពោះសន្លាក់មួយចំនួន ហើយក៏អាចកើតមានចំពោះសន្លាក់ជាច្រើននៅក្នុងរាងកាយផងដែរ។

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ប្រភេទកើតឡើងដោយសារជំងឺផ្សេងទៀត (Secondary osteoarthritis) ជាប្រភេទដែលកើតឡើងដោយសារជំងឺផ្សេងទៀតឬដោយសាររាងកាយស្ថិតក្នុងស្ថានភាពណាមួយ ឧទាហរណ៍ដូចករណីខាងក្រោម៖

     ・ជំងឺឆ្លង

     ・ភាពខុសប្រក្រតីនៃសន្លាក់នៅក្រោយពេលសម្រាលកូន

     ・របួស

     ・ជំងឺទាក់ទងនឹងមេតាបូលីស ឧទាហរណ៍ កម្រិតជាតិដែកក្នុងរាងកាយកើនឡើងហួសហេតុ(Hemochromatosis) កម្រិតជាតិទង់ដែង(Copper, Cu)កើនឡើងហួសហេតុក្នុងថ្លើម(ជំងឺWilson disease)

     ・ជំងឺដែលបង្កការខូចខាតដល់ឆ្អឹងខ្ចីនៃសន្លាក់ ឧទាហរណ៍ ជំងឺសន្លាក់រូម៉ាទីស(Rheumatoid arthritis) ជំងឺរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout)។

    អ្នកដែលធ្វើការនៅក្នុងរោងចក្រទាក់ទងនឹងដែក ឬ ក្នុងវិស័យកសិកម្ម ឬ ការងារធ្យូងថ្ម ឬ អ្នកបើកបររថយន្តក្រុង ដែលសុទ្ធសឹងជាជំងឺដែលបន្ថែមបន្ទុកលើសន្លាក់មួយឬច្រើនជាញឹកញាប់ មានហានិភ័យខ្ពស់នៃការកើតជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់។ កត្តាហានិភ័យសំខាន់នៃជំងឺនេះគឺការងារដែលត្រូវការបត់សន្លាក់ជាញឹកញាប់។ ចំណុចដែលគួរអោយចាប់អារម្មណ៍នោះគឺ ការរត់ចម្ងាយផ្លូវឆ្ងាយមិនមែនជាកត្តាបង្កើនហានិភ័យនៃការកើតជំងឺនេះទេ ប៉ុន្តែ ក្រោយកើតជំងឺនេះ ប្រសិនបើអ្នកជំងឺធ្វើលំហាត់ប្រាណបែបនេះ ស្ថានភាពជំងឺនឹងកាន់តែអាក្រក់ទៅៗ។ ការធាត់លើសទម្ងន់ក៏ជាកត្តាមូលហេតុសំខាន់នៃការកើតជំងឺនេះដែរ ជាពិសេសចំពោះស្ត្រី។

    អានបន្ថែម
  • រោគសញ្ញា

    ជាទូទៅ រោគសញ្ញានៃជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់នឹងកើតឡើងដោយយឺតៗ ដោយដំបូងវាកើតឡើងចំពោះសន្លាក់តែមួយកន្លែងប៉ុណ្ណោះ បន្ទាប់មកវានឹងកើតមានចំពោះសន្លាក់នៅកន្លែងផ្សេងៗទៀត។ សន្លាក់នៅម្រាមដៃ គល់ម្រាមមេ ផ្នែកក ចង្កេះ ម្រាមមេជើង សន្លាក់ត្រគាក សន្លាក់ជង្គង់ ជាផ្នែកដែលងាយបង្ហាញរោគសញ្ញានៃជំងឺនេះ។

    អាការៈឈឺចាប់ជារោគសញ្ញាដំបូង ហើយអ្នកជំងឺភាគច្រើនរៀបរាប់ថាវាជាអាការៈឈឺចាប់នៅផ្នែកជ្រៅ។ ចំពោះសន្លាក់ដែលរងបន្ទុកពីទម្ងន់ខ្លួន អាការៈឈឺចាប់នឹងកើនឡើងនៅពេលអ្នកជំងឺធ្វើសកម្មភាពដែលប្រើទម្ងន់ដូចជានៅពេលឈរជាដើម។ នៅពេលក្រោកពីគេងឬក្រោយពេលមិនកម្រើករាងកាយមួយរយៈ សន្លាក់នឹងបង្ហាញអាការៈស្ពឹក ប៉ុន្តែ អាការៈនេះនឹងបាត់ទៅវិញក្នុងរយៈពេល30នាទី ជាពិសេសក្រោយពេលអ្នកជំងឺចាប់ផ្ដើមធ្វើចលនាសន្លាក់ឡើងវិញ។

    រោគសញ្ញាកាន់តែវិវត្តធ្វើអោយអ្នកជំងឺកាន់តែពិបាកធ្វើចលនាសន្លាក់ ហើយនៅទីបំផុត សន្លាក់នឹងមិនអាចបត់ឬសណ្ដូកត្រង់បានទាំងស្រុងនោះទេ។ ឆ្អឹងខ្ចី ឆ្អឹងនិងជាលិកាផ្សេងទៀតនឹងកើតឡើងថ្មី ធ្វើអោយសន្លាក់អាចនឹងមានសភាពធំជាងមុន។ ប្រសិនបើកើតមានផ្នែកផតចុះនិងពកឡើងនៅលើផ្ទៃនៃឆ្អឹងខ្ចី នោះគេនឹងលឺសម្លេងនៅពេលអ្នកជំងឺធ្វើចលនាសន្លាក់ ហើយអាការៈឈឺចាប់កើតមាននៅពេលគេសង្កត់ទៅលើសន្លាក់ទាំងនោះ។

    ការកើនឡើងនៃជាលិកាឆ្អឹងច្រើនកើតមាននៅសន្លាក់ដែលជិតទៅនឹងចុងម្រាមជាងគេ(Heberden node)ឬនៅសន្លាក់កណ្ដាលនៃម្រាម(Bouchard node)។

    សន្លាក់នៅផ្នែកខ្លះដូចជាសន្លាក់ជង្គង់ជាដើម សរសៃភ្ជាប់ឆ្អឹងនិងឆ្អឹង(Ligament)ដែលព័ទ្ធជុំវិញនិងទ្រទ្រង់សន្លាក់ចាប់ផ្ដើមមានលក្ខណៈយារ ធ្វើអោយសន្លាក់មានសភាពគ្មានលំនឹង។ ម្យ៉ាងទៀត សន្លាក់ត្រគាកឬសន្លាក់ជង្គង់អាចនឹងរឹង ធ្វើអោយបរិវេណដែលសន្លាក់នេះអាចកម្រើកបានមានកម្រិត។ នៅពេលដែលគេស្ទាបឬកម្រើកសន្លាក់ ជាពិសេសនៅពេលក្រោកឈរ ឡើងជណ្ដើរ ឈរជាដើម អ្នកជំងឺនឹងមានអារម្មណ៍ថាឈឺចាប់ខ្លាំងក្លា។

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់(Osteoarthrosis)អាចកើតឡើងចំពោះឆ្អឹងកងខ្នង។ រោគសញ្ញាភាគច្រើនជាងគេគឺអាការៈឈឺខ្នង។ ជាធម្មតា ទោះជាសន្លាក់នៅឆ្អឹងកងទទួលការខូចខាតក៏ដោយ ក៏វាគ្រាន់តែបង្កអាការៈឈឺចាប់ឬស្ពឹកបន្តិចបន្តួចតែប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីជាជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់នៅឆ្អឹងកងកឬចង្កេះ អ្នកជំងឺនឹងមានអាការៈស្ពឹក ឈឺចាប់ កម្លាំងសាច់ដុំចុះខ្សោយនៅដៃជើង ដោយសារតែជាលិកាឆ្អឹងនៅទីនោះកើនឡើងច្រើនធ្វើអោយសង្កត់ទៅលើសរសៃប្រសាទ។ នៅផ្នែកចង្កេះ ជាលិកាឆ្អឹងអាចកើនឡើងហួសហេតុចូលទៅផ្នែកខាងក្នុងនៃបំពង់ខួរឆ្អឹង(Vertebral canalឬSpinal canal) ហៅថាជំងឺLumbar spinal stenosis ធ្វើអោយសង្កត់ទៅលើសរសៃប្រសាទដែលសំដៅទៅផ្នែកជើង។ ជាលទ្ធផល អ្នកជំងឺមានអាការៈឈឺចាប់នៅជើងក្រោយធ្វើចលនាដើរ ដោយរោគសញ្ញានេះអាចនឹងត្រូវបានច្រឡំថាបណ្ដាលមកពីការផ្គត់ផ្គង់ឈាមទៅផ្នែកជើងថយចុះទៅវិញ(រោគសញ្ញាIntermittent claudication)។ ករណីកម្រគឺនៅពេលដែលជាលិកាឆ្អឹងកើនឡើងហួសហេតុដោយសង្កត់ទៅលើបំពង់អាហារ ធ្វើអោយអ្នកជំងឺមានអាការៈពិបាកលេប។

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់អាចមានស្ថានភាពថេររយៈពេលជាច្រើនឆ្នាំឬអាចវិវត្តទៅជាធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ប៉ុន្តែ ស្ទើរគ្រប់ករណីគឺជំងឺនឹងវិវត្តទៅដោយយឺតៗ ហើយមនុស្សភាគច្រើនបង្ហាញរោគសញ្ញាជាផលប៉ះពាល់មុខងារសន្លាក់ក្នុងកម្រិតណាមួយ។

    អានបន្ថែម
  • រោគវិនិច្ឆ័យ

    ・ការវាយតម្លៃពីវេជ្ជបណ្ឌិត

    ・ការពិនិត្យរូបភាពដោយកាំរស្មីអ៊ិច

    ជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ក្រៅពីបង្ហាញរោគសញ្ញាលក្ខណៈពិសេសមួយចំនួន គេអាចធ្វើរោគវិនិច្ឆ័យថាជាជំងឺនេះដោយផ្អែកទៅលើ ការពិនិត្យរាងកាយរបស់អ្នកជំងឺ ការពិនិត្យឈាមចំពោះសារធាតុមួយចំនួន ការពិនិត្យរូបភាពសន្លាក់ដោយការថតកាំរស្មីអ៊ិច(ការរីកធំនៃឆ្អឹង ការរួមតូចនៅចន្លោះសន្លាក់។ល។)។ ប៉ុន្តែ ការថតកាំរស្មីអ៊ិចនឹងមិនបង្ហាញអំពីបម្រែបម្រួលនៃឆ្អឹងខ្ចីដែលជាផ្នែកទទួលរងការខូចខាតដំបូងគេបង្អស់នោះទេ ដូច្នេះ ការពិនិត្យនេះមិនសូវមានប្រយោជន៍ក្នុងការរកឃើញជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់នៅដំណាក់កាលដំបូងនោះទេ។ ម្យ៉ាងទោះ បម្រែបម្រួលដែលគេមើលឃើញនៅក្នុងរូបភាពថតដោយកាំរស្មីអ៊ិចមិនសូវមានទំនាក់ទំនងនឹងរោគសញ្ញាដែលកំពុងកើតមានចំពោះអ្នកជំងឺនោះទេ។ ឧទាហរណ៍ អ្នកជំងឺបង្ហាញរោគសញ្ញាធ្ងន់ធ្ងរប៉ុន្តែការថតកាំរស្មីអ៊ិចបែរជាបង្ហាញបម្រែបម្រួលនៅសន្លាក់បន្តិចបន្តួចប៉ុណ្ណោះ ឬ ការពិនិត្យកាំរស្មីអ៊ិចបង្ហាញថាមានបម្រែបម្រួលច្រើនប៉ុន្តែអ្នកជំងឺបែរជាសឹងតែគ្មានរោគសញ្ញាអ្វីទាំងអស់។

    ការពិនិត្យMRI អាចអោយគេឃើញភាពប្រែប្រួលនៃឆ្អឹងខ្ចីនៅដំណាក់កាល់ដំបូងនៃជំងឺនេះ ប៉ុន្តែ វាមិនមែនជាការពិនិត្យដែលចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យនោះទេ។

    ការពិនិត្យឈាមមិនមែនដើម្បីរកឃើញថាជាជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ប៉ុន្តែ គេអនុវត្តការពិនិត្យឈាមដើម្បីបញ្ជាក់ថាវាមិនមែនជាជំងឺទាក់ទងនឹងសន្លាក់ប្រភេទផ្សេងទៀតដូចជាជំងឺរលាកសន្លាក់រូម៉ាទីស(Rheumatoid arthritis)ជាដើម។

    ករណីសន្លាក់មានសភាពហើម វេជ្ជបណ្ឌិតអាចនឹងធ្វើការចាក់ថ្នាំស្ពឹកនៅផ្នែកនោះ រួចប្រើម្ជុលចាក់ចូលទៅក្នុងសន្លាក់ដើម្បីបូមយកសារធាតុរាវរបស់សន្លាក់យកមកពិនិត្យ។ ការពិនិត្យបែបនេះអាចអោយគេបែងចែករវាងជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ ជំងឺឆ្លង និង ជំងឺរលាកសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ជាដើមបាន។

    អានបន្ថែម
  • ការព្យាបាល

    ・ការព្យាបាលដោយចលនា

    ・ឱសថ

    ・ការវះកាត់

    ・វិធីព្យាបាលបន្ទាប់បន្សំ

    គោលដៅនៃការព្យាបាលជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ គឺ កាត់បន្ថយអាការៈឈឺចាប់ រក្សាភាពបត់បែននៃសន្លាក់ កែលម្អស្ថានភាពមុខងារនៃសន្លាក់និងរាងកាយទាំងមូលអោយបានល្អប្រសើរបំផុត។

    គោលដៅទាំងនេះអាចសម្រេចបានតាមរយៈការព្យាបាលដោយចលនា រួមមាន ការធ្វើលំហាត់ប្រាណនិងការអនុវត្តការស្ដានិតិកាយសម្បទា(Rehabilitation) ដើម្បីបង្កើនកម្លាំងសាច់ដុំ ភាពបត់បែន កម្លាំងទ្រាំទ្រនឹងបន្ទុក។ អ្នកជំងឺអាចនឹងត្រូវផ្លាស់ប្ដូរសកម្មភាពប្រចាំថ្ងៃមួយចំនួន ដើម្បីសម្របទៅនឹងស្ថានភាពនៃជំងឺនេះ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងទទួលការព្យាបាលតាមរយៈការប្រើឱសថ ការវះកាត់ និង វិធីព្យាបាលថ្មីៗផ្សេងទៀត។

    ការព្យាបាលដោយចលនា

    តាមរយៈការធ្វើលំហាត់ប្រាណសមស្រប (ការពត់ខ្លួន លំហាត់ប្រាណពង្រឹងសាច់ដុំ ការហាត់រក្សាឥរិយាបថជាដើម) មានប្រសិទ្ធិភាពអាចរក្សាស្ថានភាពសុខភាពនៃឆ្អឹងខ្ចី ពង្រីកភាពបត់បែននៃសន្លាក់ និងពង្រឹងសាច់ដុំដែលនៅជុំវិញសន្លាក់ដើម្បីអាចស្រូបកម្លាំងបន្ទុកបានយ៉ាងមានប្រសិទ្ធិភាពជាងមុន។ ការបន្តធ្វើលំហាត់ប្រាណអាចធ្វើអោយជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់នៅសន្លាក់ត្រគាកឬជង្គង់ឈប់វិវត្តទៅមុខឬអាចជាសះស្បើយមកវិញ។ វេជ្ជបណ្ឌិតអាចណែនាំអ្នកជំងឺអោយធ្វើលំហាត់ប្រាណនៅក្នុងទឹក(អាងហែលទឹកជាដើម) ដោយសារការត្រាំនៅក្នុងទឹកអាចបន្ថយបន្ទុកទៅលើសន្លាក់ដែលកំពុងមានបញ្ហា។

    អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណពត់ខ្លួន(Stretch)ជារៀងរាល់ថ្ងៃ។

    អ្នកជំងឺគួររក្សាតុល្យភាពនៃរយៈពេលការធ្វើចលនានិងការសម្រាកសន្លាក់ដោយជាទូទៅគួរសម្រាករៀងរាល់4ទៅ6ម៉ោងម្ដង។ ប្រសិនបើអ្នកជំងឺមិនកម្រើករាងកាយសោះ អាការៈឈឺចាប់នឹងមិនស្រាកស្រាន្ត ហើយអាចកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។

    កៅអី ពូកគេង ពូករថយន្តដែលអ្នកជំងឺប្រើ ប្រសិនបើទន់ខ្លាំងពេក អាចធ្វើអោយរោគសញ្ញានៃជំងឺនេះកាន់តែអាក្រក់។

    ខុសពីជំងឺឈឺចង្កេះឬជំងឺឈឺសរសៃចាប់ពីឆ្អឹងចង្កេះទៅក្រោម(Sciatica)ដែលគួរដាក់ខ្នើយនៅក្រោមជង្គង់ដើម្បីបន្ថយបន្ទុកទៅលើចង្កេះនិងសន្លាក់ត្រគាក អ្នកដែលមានជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់មិនគួរគេងដោយដាក់ខ្នើយនៅក្រោមជង្គង់នោះទេ ព្រោះវាអាចធ្វើអោយសាច់ដុំនៅសន្លាក់ត្រគាកនិងជង្គង់ប្រែទៅជារឹង។

    អ្នកជំងឺនេះគួរសម្រួលកៅអីរថយន្តអោយសំដៅមកខាងមុខបន្តិច ប្រើកៅអីដែលផ្អែកខ្នងរាងត្រង់ ពូកគេងលក្ខណៈរឹងបន្តិច និងស្បែកជើងដែលមានលំនឹងល្អ ។ល។

    ការប្រើចានបង្គន់ដែលមានបំពាក់ជំនួយកម្ពស់ អាចអោយអ្នកជំងឺដែលមានរោគសញ្ញានៅជង្គង់ឬសន្លាក់ត្រគាក អាចក្រោកឈរបានងាយស្រួលជាង ជាពិសេសចំពោះអ្នកជំងឺដែលមានកម្លាំងសាច់ដុំចុះខ្សោយ។

    ករណីជំងឺនេះកើតចំពោះឆ្អឹងខ្នង អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណពិសេសសម្រាប់ឆ្អឹងខ្នង ហើយប្រសិនបើមានអាការៈឈឺចាប់ខ្លាំង អ្នកជំងឺអាចនឹងត្រូវប្រើសន្ទះអប(Corset)។ លំហាត់ប្រាណដែលត្រូវអនុវត្តមិនត្រូវតែជាលំហាត់ប្រាណដែលពង្រឹងកម្លាំងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែ អ្នកជំងឺគួរអនុវត្តលំហាត់ប្រាណប្រភេទត្រូវការអុកស៊ីសែនដែលផ្ដល់បន្ទុកដល់រាងកាយតិច ដូចជា ការដើរ ការហែលទឹក ការជិះកង់។ល។ បើអាចទៅរួច អ្នកជំងឺគួរព្យាយាមបន្តសកម្មភាពប្រចាំថ្ងៃដូចធម្មតាជារៀងរាល់ថ្ងៃ ប៉ុន្តែ គួរចៀសវាងសកម្មភាពណាដែលផ្ដល់បន្ទុកធ្ងន់ដល់រាងកាយដូចជាការបត់សន្លាក់ខ្លាំងជាដើម។

     ・ការព្យាបាលដោយចលនាមានប្រយោជន៍ចំពោះជំងឺនេះ ហើយគេច្រើនអនុវត្តរួមជាមួយនឹងការព្យាបាលដោយប្រើកម្ដៅ។

     ・ការអនុវត្តលំហាត់ប្រាណពង្រីកភាពបត់បែននៃសន្លាក់នៅក្នុងទឹកក្ដៅឧណ្ហៗ កម្ដៅពីទឹកអាចកាត់បន្ថយភាពស្ពឹកនិងការកន្ត្រាក់នៃសាច់ដុំបាន ធ្វើអោយមុខងារសាច់ដុំមានលក្ខណៈល្អប្រសើរឡើងវិញ។

     ・ការស្អំអោយត្រជាក់មានប្រយោជន៍កាត់បន្ថយអាការៈឈឺចាប់នៅពេលដែលរោគសញ្ញាឈឺសន្លាក់មួយកន្លែងប្រែជាធ្ងន់ធ្ងរជាបណ្ដោះអាសន្ន។

     ・ការប្រើទ្រនាប់ជើង(Insole)សមស្របអាចកាត់បន្ថយអាការៈឈឺចាប់របស់អ្នកជំងឺនៅពេលដើរ។

     ・ការព្យាបាលដោយម៉ាស្សា ឬ ដោយប្រើកម្ដៅឆ្លងកាត់(Diathermy) ឬ ដោយប្រើរលកសម្លេង(អេកូ) អាចផ្ដល់ប្រសិទ្ធិភាពព្យាបាលចំពោះជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់។

    ការព្យាបាលដោយប្រើឱសថ

    ឱសថត្រូវបានប្រើប្រាស់ជាជំនួយទាំងក្នុងការព្យាបាលដោយលំហាត់ប្រាណនិងទាំងក្នុងការព្យាបាលដោយចលនា។ ឱសថអាចត្រូវបានប្រើតែឯងឬប្រើរួមជាមួយការព្យាបាលផ្សេងទៀត ប៉ុន្តែ វាមិនមានប្រសិទ្ធិភាពកែប្រែដំណើរវិវត្តនៃជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ដោយផ្ទាល់នោះទេ។ ឱសថភាគច្រើនគឺប្រើសម្រាប់កាត់បន្ថយរោគសញ្ញានៃជំងឺនេះ ដើម្បីអាចអោយអ្នកជំងឺបន្តសកម្មភាពប្រចាំថ្ងៃបានជាធម្មតា។

    ឱសថបំបាត់ការឈឺចាប់ដែលងាយស្រួលប្រើ រួមមាន ឱសថAcetaminophenជាដើម ត្រូវបានប្រើនៅមុនពេលអ្នកជំងឺចាប់ផ្ដើមធ្វើសកម្មភាពដែលអាចនឹងបង្កអាការៈមិនស្រួលនៅសន្លាក់ ឬ ប្រើជាប្រចាំដើម្បីកាត់បន្ថយរោគសញ្ញាសន្លាក់ជាបន្តបន្ទាប់ ដោយអ្នកជំងឺអាចគ្រប់គ្រងអាការៈឈឺចាប់កម្រិតស្រាលទៅកម្រិតមធ្យមដោយប្រើឱសថនេះតែមួយមុខ។ ផលរំខាននៃឱសថAcetaminophenមិនសូវកើតមានទេ ប៉ុន្តែ អ្នកជំងឺមិនត្រូវប្រើឱសថនេះហួសកម្រិតកំណត់នោះឡើយ។ ម្យ៉ាងទៀត អ្នកជំងឺដែលប្រើឱសថAcetaminophenជាប្រចាំគួរប្រុងប្រយ័ត្ននៅពេលជាវឱសថផ្សេងទៀតនៅទីផ្សារព្រោះឱសថទាំងនោះអាចមានផ្ទុកសារធាតុAcetaminophenផងដែរ។

    អ្នកជំងឺមួយចំនួនអាចនឹងចាំបាច់ត្រូវប្រើឱសថបំបាត់ការឈឺចាប់ដែលមានសកម្មភាពខ្លាំងជាងនេះ ដូចជា ឱសថTramadol ឬ ឱសថប្រភេទអូភីអ័យ(Opioid) ជាដើម។

    ក្រៅពីនេះ ប្រសិនបើអ្នកជំងឺមានអាការៈឈឺចាប់និងហើម គេអាចប្រើឱសថបំបាត់ការរលាកប្រភេទNSAID។ ឱសថប្រភេទនេះនឹងជួយកាត់បន្ថយអាការៈឈឺចាប់និងរលាកនៅសន្លាក់ ហើយអាចប្រើរួមជាមួយនឹងឱសថបំបាត់ការឈឺចាប់ផ្សេងទៀត។ ឱសថប្រភេទNSAIDអាចមានទម្រង់ជាថ្នាំលាប (សារធាតុDiclofenac ជាដើម)ផងដែរ ដោយអ្នកជំងឺអាចឈ្លីឱសថទាំងនេះនៅលើស្បែកនៃសន្លាក់ដៃឬជង្គង់ដែលកំពុងកើតមានអាការៈឈឺចាប់និងហើម។ ប៉ុន្តែ ការប្រើឱសថប្រភេទNSAIDរយៈពេលវែង អាចផ្ដល់ជាផលរំខានធ្ងន់ធ្ងរជាងឱសថAcetaminophen។

    ពេលខ្លះ អ្នកជំងឺចាំបាច់ត្រូវប្រើឱសថបំបាត់ការឈឺចាប់ប្រភេទផ្សេងទៀត។ ឧទាហរណ៍ ថ្នាំលាបដែលផលិតពីម្ទេសក្រហម(សារធាតុCapsaicin) ដោយលាបផ្ទាល់នៅលើស្បែកនៃសន្លាក់។ ការពិសាឱសថព្យាបាលជំងឺបាក់ទឹកចិត្តមួយប្រភេទគឺឱសថDuloxetine អាចកាត់បន្ថយអាការៈឈឺចាប់នៃជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់បាន។

    ឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំ(ជាទូទៅប្រើក្នុងកម្រិតទាប) អាចកាត់បន្ថយអាការៈឈឺចាប់ដែលកើតឡើងដោយសារការកន្ត្រាក់នៃសាច់ដុំដែលទ្រទ្រង់សន្លាក់កំពុងមានបញ្ហា។ ប៉ុន្តែ ឱសថនេះងាយនឹងបង្កផលរំខានចំពោះអ្នកជំងឺជាមនុស្សចាស់ជាជាងប្រសិទ្ធិភាពកាត់បន្ថយការឈឺចាប់។

    ករណីដែលរោគសញ្ញារលាក ហើម និង ឈឺចាប់នៃសន្លាក់កើតឡើងភ្លាមៗ គេអាចនឹងចាំបាច់ត្រូវបូមយកសារធាតុរាវក្នុងសន្លាក់ចេញ រួចចាក់បញ្ចូលឱសថប្រភេទស្តេរ៉ូអ៊ីត(Cortisone)លក្ខណៈពិសេសដោយផ្ទាល់ទៅក្នុងសន្លាក់។ វិធីព្យាបាលបែបនេះ អាចកាត់បន្ថយអាការៈឈឺចាប់និងបង្កើនភាពបត់បែននៃសន្លាក់បានជាបណ្ដោះអាសន្ន ប៉ុន្តែ ការប្រើឱសថប្រភេទស្តេរ៉ូអ៊ីត(Cortisone)ញឹកញាប់ហួសហេតុអាចធ្វើអោយប៉ះពាល់ដល់សន្លាក់ទៅវិញ។

    ការប្រើឱសថHyaluronic acid(ជាសារធាតុដែលស្រដៀងនឹងសារធាតុរាវក្នុងសន្លាក់ធម្មតា) រៀងរាល់សប្ដាហ៍រយៈពេល1ទៅ5សប្ដាហ៍ អាចកាត់បន្ថយអាការៈឈឺចាប់មួយកម្រិតរយៈពេលវែងចំពោះអ្នកជំងឺមួយចំនួន។ ការព្យាបាលដោយប្រើថ្នាំចាក់បែបនេះ មិនគួរអនុវត្តក្នុងគម្លាតតិចជាង6ខែនោះទេ។ ឱសថHyaluronic acid អាចនឹងបង្ហាញប្រសិទ្ធិភាពតិចចំពោះអ្នកជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់កម្រិតធ្ងន់ធ្ងរ។

    ប្រសិទ្ធិភាពនៃការប្រើឱសថជំនួយសុខភាពប្រភេទមួយចំនួន ដូចជា Glucosamin sulfateឬChondroitin sulfateជាដើមចំពោះជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់ត្រូវបានកំពុងស្រាវជ្រាវនៅឡើយ ដោយលទ្ធផលកន្លងមកមានលក្ខណៈមិនច្បាស់លាស់។ មិនមានឱសថជំនួយសុខភាពណាមួយដែលត្រូវបានគេរកឃើញថាមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺនេះទេ។

    ការព្យាបាលដោយវះកាត់

    ការព្យាបាលដោយការវះកាត់អាចផ្ដល់ប្រយោជន៍ចំពោះករណីអ្នកជំងឺមិនទទួលបានប្រសិទ្ធិភាពពីវិធីព្យាបាលផ្សេងទៀតក្នុងការកាត់បន្ថយអាការៈឈឺចាប់និងកែលម្អមុខងាររបស់សន្លាក់អោយបានប្រសើរឡើង។ សន្លាក់របស់អ្នកជំងឺមួយចំនួនអាចផ្លាស់ប្ដូរទៅជាសន្លាក់សិប្បនិម្មិត ដោយស្ទើរគ្រប់ករណីវាជាសន្លាក់ត្រគាកឬសន្លាក់ជង្គង់។ ជាទូទៅ ការវះកាត់ផ្ដាស់ប្ដូរសន្លាក់មានអត្រាជោគជ័យខ្ពស់ ដោយសន្លាក់អាចធ្វើចលនានិងមុខងារបានល្អប្រសើរ ហើយអាការៈឈឺចាប់ត្រូវបានកាត់បន្ថយច្រើន។ ដូច្នេះ ចំពោះអ្នកជំងឺដែលមិនអាចកាត់បន្ថយអាការៈឈឺចាប់ ហើយមុខងារសន្លាក់មានកម្រិត វេជ្ជបណ្ឌិតនឹងពិចារណាអនុវត្តការវះកាត់ផ្លាស់ប្ដូរសន្លាក់សិប្បនិម្មិត(Artificial joint replacement)។ សន្លាក់សិប្បនិម្មិតមិនមែនជាវត្ថុដែលអាចប្រើទៅជារៀងរហូតនោះទេ ដូច្នេះ ដើម្បីកាត់បន្ថយការផ្លាស់ប្ដូរម្ដងហើយម្ដងទៀតច្រើនដង ករណីអ្នកជំងឺនៅវ័យក្មេងនៅឡើយ គេនឹងព្យាយាមពន្យារការវះកាត់ផ្លាស់ប្ដូរសន្លាក់នេះតាមដែលអាចធ្វើទៅបាន។ ករណីដែលវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាព ហើយជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់កើតមាននៅឆ្អឹងខ្នងឬឆ្អឹងកជាពិសេសនៅពេលមានការសង្កត់ទៅលើសរសៃប្រសាទ គេក៏អាចនឹងអនុវត្តការវះកាត់ផងដែរ។

    ករណីអ្នកជំងឺឈឺសន្លាក់លក្ខណៈប្រែប្រួលទម្រង់មានវ័យក្មេង(ភាគច្រើនកើតឡើងដោយសាររបួស) គេអាចប្រើវិធីព្យាបាលផ្សេងៗដើម្បីជួសជុលកោសិកានៅក្នុងឆ្អឹងខ្ចីដើម្បីបំពេញផ្នែកខូចខាតតិចតួចនៃឆ្អឹងខ្ចី។ ប៉ុន្តែ វិធីព្យាបាលបែបនេះ មិនសូវផ្ដល់ប្រយោជន៍ចំពោះអ្នកជំងឺជាមនុស្សចាស់នោះទេដោយសារការខូចខាតឆ្អឹងខ្ចីច្រើនតែមានទំហំធំ។

    វិធីព្យាបាលបន្ទាប់បន្សំ

    ការរួមផ្សំជាមួយនឹងវិធីព្យាបាលផ្សេងៗអាចជួយកាត់បន្ថយអាការៈឈឺចាប់របស់អ្នកជំងឺបាន។ ឧទាហរណ៍ ៖

      ・ម៉ាស្សា

      ・ថ្នាំបិទស្អំអោយក្ដៅ

      ・សម្រកទម្ងន់

      ・ការព្យាបាលដោយម្ជុលវិទ្យាសាស្ត្រ (Acupuncture)

      ・ការព្យាបាលដោយប្រើអគ្គិសនីភ្ញោចសរសៃប្រសាទតាមស្បែក (Transcutaneous electrical nerve stimulation, TENS)

    អានបន្ថែម