Ribavirin

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ប្រើរួមជាមួយឱសថPeginterferon alfa-2b(Genetical recombination)ឬInterferon beta ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:

      (1) អ្នកដែលមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាម។

      (2) អ្នកដែលមិនទទួលបានប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង ឬ អ្នកដែលមានរោគសញ្ញារើឡើងវិញម្ដងទៀតបន្ទាប់ពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង។

      - ប្រើរួមជាមួយឱសថPeginterferon alfa-2a(Genetical recombination) ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:

      (1) អ្នកដែលមានរោគសញ្ញានៃHCV RNAកើនឡើងខ្ពស់នៅក្នុងឈាមក្នុងSerogroup 1(Genotype I (1a) ឬ II (1b))

      (2) អ្នកដែលមិនទទួលបានប្រសិទ្ធិភាពពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង ឬ អ្នកដែលមានរោគសញ្ញារើឡើងវិញម្ដងទៀតបន្ទាប់ពីការព្យាបាលដោយប្រើឱសថអ៊ីនតាហ្វេរ៉ុន(Interferon)តែឯង។

      - ប្រើរួមជាមួយឱសថPeginterferon alfa-2a ឬ 2b(Genetical recombination) ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC។

      - ប្រើរួមជាមួយឱសថSofosbuvir ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ឬ ជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC ចំពោះអ្នកជំងឺដូចខាងក្រោម:

      (1) អ្នកជំងឺស្ថិតនៅក្នុងSerogroup 2(Genotype 2)

      (2) អ្នកជំងឺដែលមិនស្ថិតនៅក្នុងSerogroup 1(Genotype I)ឬSerogroup 2(Genotype 2)

      - ប្រើរួមជាមួយឱសថOmbitasvir/Paritaprevir/Ritonavir ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទCក្នុងSerogroup 2(Genotype 2)

      - ប្រើរួមជាមួយឱសថSofosbuvir/Velpatasvir ដើម្បីព្យាបាលរោគសញ្ញានៃវីរុសកើនឡើងក្នុងឈាមនៅក្នុងជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ឬ ជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)ប្រភេទC ដែលធ្លាប់ទទួលការព្យាបាលពីមុនមក។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទNucleoside analogផ្សេងទៀត(Aciclovir, Ganciclovir, Vidarabine ជាដើម)។

      ・អ្នកដែលមានជំងឺបេះដូងស្ថិតក្នុងស្ថានភាពពិបាកគ្រប់គ្រង។

      ・អ្នកដែលមានរោគសញ្ញាខុសប្រក្រតីនៃអេម៉ូក្លូប៊ីន(ជំងឺThalassemia, ជំងឺខ្វះឈាមដោយសារគ្រាប់ឈាមក្រហមមានរាងកណ្ដៀវ(ជំងឺSickle Cell Anemia) ជាដើម)។

      ・អ្នកដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ឬ អ្នកដែលមានបញ្ហាតម្រងនោមដោយCreatinine clearanceក្រោម50mL/នាទី។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ធ្ងរ ឬ ជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរ(មានអាការៈចង់សម្លាប់ខ្លួន ជាដើម)។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺរលាកថ្លើមដោយសារបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង(Autoimmune hepatitis)។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺក្បាល ក្ដៅខ្លួន អស់កម្លាំង ប្រតិកម្មនៅកន្លែងចាក់ រមាស់ស្បែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដង្ហក់ ពិបាកដកដង្ហើម ក្ដៅខ្លួន ក្អក មានស្លេស្ម ចុះទម្ងន់ បាត់បង់ចំណង់អាហារ (រលាកសួតប្រភេទInterstitial pneumonia ជាដើម)

      - ក្រៀមក្រំ គេងមិនលក់ អារម្មណ៍មិនស្ងប់ អន្ទះអន្ទែង មិនមានកម្លាំងចិត្តធ្វើអ្វី (ជំងឺបាក់ទឹកចិត្ត អារម្មណ៍ចង់សម្លាប់ខ្លួន អារម្មណ៍រីករាយខ្លាំងខុសប្រក្រតី ងាយប្រើអំពើហឹង្សា)

      - បេះដូងលោតញាប់ ដង្ហក់ ឈឺក្បាល ហ៊ឹងត្រចៀក វិលមុខ រួយខ្លួន ឈាមច្រមុះ ស្នាមជាំស្វាយលើស្បែក ឈាមតាមអញ្ចាញធ្មេញ ងាយហូរឈាម ពិបាកឃាត់ឈាម ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមឬចំនួនប្លាកែត)

      - ឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ក្ដៅខ្លួន ហូរឈាមក្រោមស្បែក ស្នាមជាំពណ៌ស្វាយ អាការៈខ្វះឈាម ដង្ហក់ ពិបាកដកដង្ហើម ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមពណ៌លឿង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដុំអារម្មណ៍ ស្ពឹក បរិមាណទឹកនោមថយចុះ សាច់ដុំកន្ត្រាក់ ហើម (ជំងឺThrombotic thrombocytopenic purpura(TTP), ជំងឺHemolytic uremic syndrome(HUS))

      - ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមមានពណ៌ដិត រមាស់ស្បែក រួយខ្លួន (រលាកថ្លើមកាន់តែធ្ងន់ធ្ងរ មុខងារថ្លើមមានបញ្ហា)

      ・ចង់ក្អួត ក្អួត រួយខ្លួន បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង ទឹកនោមពណ៌ត្នោត វិលមុខ ងងឹតមុខពេលក្រោកឈរ ឆាប់ហត់ ធ្ងន់ក្បាល បេះដូងលោតញាប់ឬដង្ហក់ពេលធ្វើចលនា ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក ឈាមច្រមុះ ក្ដៅខ្លួន ឈឺពោះ លាមកមានលាយឈាម រាករូស ឈឺសន្លាក់ រឹងដៃនៅពេលព្រឹក ស្នាមក្រហមរាងមេអំបៅនៅលើមុខ ឈឺសរសៃឈាម ស្នាមជាំស្វាយលើស្បែក ហើម ភ្នែកក្រហម ចាំងពន្លឺ មានចំណុចមើលមិនឃើញនៅក្នុងគំហើញ មើលមិនសូវច្បាស់ ហ៊ឹងត្រចៀក ស្ដាប់មិនសូវលឺ ឈឺក្បាល ជ្រុះរោមឬសក់ សក់ស្កូវ ស្នាមពណ៌សនៅលើស្បែក (រោគសញ្ញាដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង)

      - ពិបាកដកដង្ហើម ដង្ហក់ បេះដូងលោតញាប់នៅពេលធ្វើចលនា ជីពចរដើរលឿន ដកដង្ហើមស្រួលនៅពេលអង្គុយជាជាងពេលទម្រេតខ្លួន ឈឺទ្រូង ថប់ទ្រូងដូចគេរឹតឬសង្កត់ ហើមពេញខ្លួន រួយខ្លួន បែកញើស វិលមុខ ក្ដៅខ្លួន បាត់បង់ស្មារតី (ជំងឺសាច់ដុំបេះដូង បេះដូងចុះខ្សោយ ជំងឺត្បៀតឬស្ទះសរសៃឈាមបេះដូង ជំងឺទាក់ទងនឹងចង្វាក់បេះដូង រលាកស្រោមបេះដូង)

      - ក្ដៅខ្លួនខ្លាំង រងាញាក់ ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis))

      - ចង់ក្អួត ក្អួត ស្ពឹកមួយចំហៀង ស្ពឹកដៃជើង មិនអាចគ្រប់គ្រងចលនានៃពាក់កណ្ដាលខ្លួន ពិបាកនិយាយ ឈឺក្បាល ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដុំអារម្មណ៍គិត បាត់បង់ស្មារតី (ស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាល)

      - ឈឺទ្រូង បែកញើស ស្មារតីដឹងខ្លួនធ្លាក់ចុះ ក្អក ក្ដៅខ្លួន ពិបាកដកដង្ហើម (ស្ទះសរសៃឈាមនៅក្នុងសួត)

      - វង្វេងវង្វាន់ មើលឃើញរូបភាពឬលឺសម្លេងដែលមិនមានពិត ភ្លេចភ្លាំង មិនស្គាល់ទីកន្លែងឬពេលវេលា ភ្លេចឈ្មោះខ្លួនឯងឬអ្នកធ្លាប់ស្គាល់ (បញ្ហាស្មារតី ជំងឺប្រកាច់)

      - ស្ងួតក ផឹកទឹកច្រើន នោមច្រើន អស់កម្លាំង ចុះទម្ងន់ (ទឹកនោមផ្អែម)

      - ហើមក្រពេញទីរ៉ូអ៊ីត គេងមិនលក់ ចុះទម្ងន់ ងាយបែកញើស ភ្នែកលៀន បេះដូងលោតញាប់ ញ័រដៃ រួយខ្លួន ការធ្វើចលនាឬការនិយាយមានលក្ខណៈយឺត ហើម ឆាប់រងា (ក្រពេញទីរ៉ូអ៊ីតមានបញ្ហា)

      - ក្ដៅខ្លួន ភ្នែកក្រហម រលាត់ក្នុងភ្នែក ដំបៅក្នុងមាត់ រលាត់ជុំវិញមាត់ ស្នាមក្រហមនិងប៉ោងកណ្ដាលនៅលើស្បែក ពងទឹកលើស្បែក ឈឺសន្លាក់ (Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - រមាស់ស្បែក ក្រមរស្បែក ស្បែកស្ងួត (ជំងឺPsoriasis)

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ ហើមភ្នែក ឆាប់ហត់ បរិមាណទឹកនោមថយចុះ ឈឺក្បាល រួយខ្លួន ពិបាកដកដង្ហើម ហើមខ្លួន (បញ្ហាតម្រងនោម)

      - លាមកមានលាយឈាម លាមកពណ៌ខ្មៅ ចង់ក្អួត ក្អួត ក្អួតចេញឈាម ឈឺពោះ ក្រហាយទ្រូង ឈឺក្រពះ ឈឺខ្នង ក្ដៅខ្លួន រាករូស (ហូរឈាមឬដំបៅនៅប្រដាប់រំលាយអាហារ រលាកពោះវៀនធំដោយសារបញ្ហាចរន្តឈាម)

      - បែកញើស វិលមុខ ពិបាកផ្ដុំអារម្មណ៍គិត ទឹកមុខស្លេកស្លាំង ដង្ហក់ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))

      - ភ្នែកមើលឃើញមិនសូវច្បាស់ មានចំណុចខ្មៅនៅក្នុងគំហើញ (ជំងឺរេទីន)។

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺRhabdomyolysis)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទNucleoside analog(Didanosine, Abacavir sulfate ជាដើម) - អាចធ្វើអោយកើតមានLactic acidosis ឬ ប៉ះពាល់មុខងារថ្លើម។

      ・ឱសថZidovudine - អាចធ្វើអោយប្រសិទ្ធិភាពនៃZidovudineថយចុះ។

      ・ឱសថAzathioprine - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះ ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ឱសថនេះក៏ប៉ះពាល់ដល់ក្រពេញផលិតមេជីវិតឈ្មោល ឬ ជ្រៀតចូលក្នុងទឹកកាម ជាដើមផងដែរ ដូច្នេះ អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះនិងដៃគូរបស់នាង ត្រូវប្រើប្រាស់វិធីពន្យារកំណើតអោយបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន ហើយស្ត្រីគួរពិនិត្យផ្ទៃពោះជារៀងរាល់ខែ នៅក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើប្រាស់ឱសថនេះរយៈពេល6ខែ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះ ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ម្យ៉ាងទៀត ឱសថនេះក៏ប៉ះពាល់ដល់ក្រពេញផលិតមេជីវិតឈ្មោល ឬ ជ្រៀតចូលក្នុងទឹកកាម ជាដើមផងដែរ ដូច្នេះ អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះនិងដៃគូរបស់នាង ត្រូវប្រើប្រាស់វិធីពន្យារកំណើតអោយបានត្រឹមត្រូវនិងខ្ជាប់ខ្ជួន ហើយស្ត្រីគួរពិនិត្យផ្ទៃពោះជារៀងរាល់ខែ នៅក្នុងអំឡុងពេលប្រើប្រាស់និងក្រោយឈប់ប្រើប្រាស់ឱសថនេះរយៈពេល6ខែ។

      ・ជាទូទៅ រយៈពេលប្រើប្រាស់ឱសថនេះគឺ24សប្ដាហ៍។ ត្រូវអនុវត្តការពិនិត្យអេម៉ូក្លូប៊ីន(Hemoglobin, Hb)នៅមុនពេលប្រើប្រាស់ឱសថ នៅសប្ដាហ៍ទី2 ទី4 និង ជាទៀតទាត់បន្ទាប់ពីនោះ។

    • សកម្មភាពឱសថ

      ឱសថនេះប្រើរួមជាមួយឱសថអ៊ីនតាហ្វេរ៉ុន(Interferon)(Peginterferon alfa-2b, Interferon beta) ឬ ឱសថប្រឆាំងវីរុសមួយចំនួន ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពនៃអង់ស៊ីមRNA polymerase ដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសរលាកថ្លើមC ព្រមទាំងជួយអោយរាងកាយអាចកម្ចាត់ចោលនូវវីរុស ធ្វើអោយមុខងារថ្លើមល្អប្រសើរឡើងវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp